(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែលជំនួបទៀងទាត់ប្រចាំខែនេះមានគោលដៅពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីពដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាក្ដាប់បាននូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗ របស់បងប្អូនកម្មករនិយោជិតនៅកន្លែងធ្វើការងារ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់បងប្អូនសហជីព ដែលបានកៀរគរអំណោយសប្បុរសធម៌យ៉ាងសកម្ម យកមកផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រគល់ជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារតែការឈ្លានពានទឹកដីពីសំណាក់យោធាថៃ។ ទន្ទឹមនឹងនេះ ក៏បានចលនាស្មារតីសតិអារម្មណ៍ក្នុងជួរកម្មករនិយោជិតឱ្យជឿជាក់លើរាជរដ្ឋាភិបាល រួមគ្នាជាធ្នុងមួយសាមគ្គីប្រឆាំងដាច់ខាតរាល់ការឈ្លានពានរបស់សត្រូវ ដោយបានចេញញាត្តិថ្កោលទោសជាបន្តបន្ទាប់។ នេះជាសកម្មភាពក្នុងការចូលរួមការងារសង្គមមួយដ៏ល្អ ដែលបង្ហាញពីការរួបរួមគ្នាជាសំលេងតែមួយក្នុងស្មារតីការពារប្រយោជន៍រួមរបស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាការការពារជាតិមាតុភូមិ។ 

ទន្ទឹមនេះ ឯកឧត្តមក៏បានធ្វើការជំរុញដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព តួនាទី និងសាមគ្គីភាព ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពជាមួយសហជីពមូលដ្ឋាន និងសមាជិករបស់ខ្លួន។ សហជីពត្រូវយកចិត្តទុកដាក់បំពេញឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ច ក្នុងការផ្តល់សេវាជូនសមាជិក ព្រមទាំងចូលរួមរាយការណ៍អំពីបញ្ហាវិវាទការងារ និងបញ្ហាប្រឈមនានា នៅកន្លែងធ្វើការ ឬភាពមិនប្រក្រតីណាមួយ តាមរយៈលេខទូរសព្ទមន្រ្តី ប្រអប់បណ្តឹងអនាមិក និងHotline ១២៨៦ ដើម្បីក្រសួង អន្តរាគមន៍ដោះស្រាយទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ជូនបងប្អូនកម្មករនិយោជិត ដែលអាចចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ ដូចជាការធ្វើកូដកម្មឈានដល់ការបិទផ្លូវ ដែលជាអំពើល្មើសច្បាប់។ 

បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងផងដែរថា ការបន្តពង្រឹងសមត្ថភាពទាំងថ្នាក់ដឹកនាំ និងសហជីពមូលដ្ឋានក្មុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងតម្លាភាព គឺកាន់តែជួយកសាងជំនឿចិត្តពីកម្មករនិយោជិត ក៏ដូចជានិយោជក ម្ចាស់សហគ្រាស និងអ្នកវិនិយោគផងដែរ។ 

ជាមួយគ្នានេះ ឯកឧត្តម ងុយ រិទ្ធ ក៏បានជំរុញឱ្យសហភាពនីមួយៗពង្រឹងការគ្រប់គ្រងសហព័ន្ធ ហើយសហព័ន្ធសហជីពពង្រឹងការគ្រប់គ្រងសហជីពមូលដ្ឋាន ដើម្បីឱ្យបណ្តាញធ្វើការមានភាពប្រទាក់ក្រឡាគ្នា ដែលចៀសវាង សហព័ន្ធសហជីពក្តាប់បញ្ហានៅមូលដ្ឋានរបស់ខ្លួនអត់បាន ហើយសហជីពមូលដ្ឋានមិនរាយការណ៍ទៅសហព័ន្ធ ឬមកក្រសួង៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed