PMBNEWS: ខេត្តព្រៃវែង, ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ — រដ្ឋបាលខេត្តព្រៃវែង បានប្រកាសជាផ្លូវការនូវលទ្ធផលដ៏គួរឱ្យមោទនៈនៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៦” ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករសរុបប្រមាណ ២.៣២៣.០៩៦ នាក់ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍ដ៏ធំធេងនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបង្កភាពសប្បាយរីករាយ និងលើកកម្ពស់វប្បធម៌ជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង ចេញផ្សាយនៅថ្ងៃសុក្រ ១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញពីការកើនឡើងជាលំដាប់នៃចំនួនភ្ញៀវទេសចរ។ ក្នុងថ្ងៃទី១ (១៤ មេសា) ភ្ញៀវមានចំនួន ៥៨០.៦០៨ នាក់, ថ្ងៃទី២ (១៥ មេសា) កើនដល់ ៧៦៨.៧៤៤ នាក់ និងថ្ងៃទី៣ (១៦ មេសា) ដែលជាថ្ងៃចុងក្រោយ មានសន្ទុះកើនឡើងដល់ ៩៧៣.៧៤៤ នាក់។ សរុបទូទាំងខេត្តមានទីតាំងកម្សាន្តរហូតដល់ ៤៣២ កន្លែង ដែលផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង-ស្រុកទាំងអស់។ — ក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ រៀបចំកម្មវិធីយ៉ាងសម្បូរបែប រួមមាន ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ការបង្ហោះគោម និងកម្មវិធីបែបប្រពៃណីសាសនាផ្សេងៗ។ — រដ្ឋបាលខេត្តព្រៃវែង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការរបស់ប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពជាមហាគ្រួសារខ្មែរ ក្រោមដំបូលនៃសន្តិភាព។

Leave a Reply

Your email address will not be published. Required fields are marked *

You missed