April 7, 2026 |ភ្នំពេញ, កម្ពុជា | ប្រភព៖ យកព័ត៌មានដោយ លោក អ៊ាន វិសាល
(ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលព្រីង ឃុំជីគរ ស្រុកត្បូងឃ្មុំ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ រួមមានមាន់ជល់ អាប៉ោង និងយូគី ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង និងចល័តពីកន្លែងមួយទៅកន្លែងមួយទៀត បង្កជាក្ដីបារម្ភដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ (យកព័ត៌មានដោយ លោក អ៊ាន វិសាល)។​

តាមរយៈប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតយក្សនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារបស់បុគ្គលឈ្មោះ ថុន និងឈ្មោះ ណាក់ ដែលកំពុងបើកទទួលអ្នកញៀនល្បែងឱ្យចូលមកលេងយ៉ាងអនាធិបតេយ្យនៅតាមចម្ការស្វាយ។​ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេសង្កេតឃើញថាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងប់ស្ងាត់ ដែលធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ជាខ្លាំងចំពោះប្រសិទ្ធភាពនៃកិច្ចការបង្ក្រាបបទល្មើសក្នុងតំបន់នោះ។​ លើសពីនេះទៅទៀត ប្រជាពលរដ្ឋបានលើកឡើងពីផលប៉ះពាល់អវិជ្ជមាននៃល្បែងស៊ីសងនេះ ដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ជម្លោះរវាងប្តីប្រពន្ធ និងបញ្ហាបំណុលវណ្ឌក។

ស្របពេលជាមួយគ្នានេះ ពួកគាត់មានការព្រួយបារម្ភថា បញ្ហានេះនឹងក្លាយជាប្រភពនៃបទល្មើសផ្សេងៗទៀតដូចជា ចោរកម្ម និងគ្រឿងញៀន ដែលផ្ទុយស្រឡះពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល។​ ពាក់ព័ន្ធនឹងករណីនេះ លោក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់តាមរយៈទូរសព្ទថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតជុំវិញសកម្មភាពល្បែងទាំងនេះឡើយ ដោយសារក្រុមអ្នកលេងតែងតែលួចលាក់ធ្វើសកម្មភាពចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដែលបង្កការលំបាកដល់កម្លាំងជំនាញក្នុងការចុះបង្ក្រាប។

ទោះជាយ៉ាងណាក៏ដោយ លោកបានថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មាន និងបានសន្យាថានឹងចាត់មន្ត្រីឱ្យចុះទៅត្រួតពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។​ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏ដូចជាលោក ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មេត្តាជួយអន្តរាគមន៍ និងចាត់កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងវិញ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed