PMBNEWS: ខេត្តព្រៃវែង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ — នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារចម្រុះនៃរដ្ឋបាលស្រុកមេសាង ដឹកនាំដោយលោក ឈឿង សារ៉ាន់ អភិបាលរងស្រុក បានចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យនៅបរិវេណផ្សារពោធិ៍កន្លែង ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ការចុះអនុវត្តនេះ គឺធ្វើឡើងស្របតាមសារាចរណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង ដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព និងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវាកម្មក្នុងផ្សារប្រកបដោយសុវត្ថិភាព។

ក្នុងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់នេះ លោក ឈឿង សារ៉ាន់ អភិបាលរងស្រុកមេសាង ទទួលបន្ទុកការងារសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឱ្យដឹងថា អាជ្ញាធរបានសម្រេចអនុវត្តវិធានការរុះរើតូបលក់ដូរចំនួនមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ឡុញ រ៉ន។ លោកបានពន្យល់ថា ទីតាំងតូបខាងលើនេះ មិនមានឈ្មោះស្ថិតក្នុងបញ្ជីកំណត់នៃសារាចរណែនាំរបស់រដ្ឋបាលខេត្ត ដែលអនុញ្ញាតឱ្យមានត្រឹមតែចំនួន ០៦ តូបប៉ុណ្ណោះ។ មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាលនេះ អាជ្ញាធរស្រុកបានធ្វើការជូនដំណឹង និងណែនាំជាច្រើនលើកច្រើនសារទៅកាន់ម្ចាស់តូប ដើម្បីឱ្យរុះរើដោយស្ម័គ្រចិត្តទៅកាន់ទីតាំងថ្មីដែលរៀបចំដោយអាជ្ញាធរ ប៉ុន្តែបុគ្គលរូបនេះពុំបានសហការអនុវត្តតាមឡើយ។

លោកអភិបាលរងស្រុក បានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការរុះរើនេះ គឺជាជម្រើសចុងក្រោយដែលរដ្ឋបាលស្រុកមិនចង់ធ្វើឡើងនោះទេ ប៉ុន្តែដើម្បីរក្សានូវយុត្តិធម៌សង្គម និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព អាជ្ញាធរត្រូវតែគោរពតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដែលបានអនុម័តរួចមកហើយ។ សកម្មភាពនេះ មិនត្រឹមតែជួយឱ្យផ្សារពោធិ៍កន្លែងមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរឆ្លងកាត់ផងដែរ។ រដ្ឋបាលស្រុកមេសាង ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ ដើម្បីឧត្តមប្រយោជន៍រួមនៃសហគមន៍ទាំងមូល។

Leave a Reply

Your email address will not be published. Required fields are marked *

You missed