ខេត្តកណ្ដាល៖ គណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ «ឆ្នោតកន្ទុយលេខវៀតណាម» ឈានដល់ការឃាត់ខ្លួនបុគ្គលិកចំនួន៣រូប រួមជាមួយនឹងវត្ថុតាងមួយចំនួន ដើម្បីធានានូវឧត្ដមភាពច្បាប់ក្នុងមូលដ្ឋាន។ ប្រតិបត្តិការដ៏មុតស្រួចនេះ ធ្វើឡើងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងបទបញ្ជាផ្ទាល់ពីលោក ចេង ឌីណា អភិបាលស្រុក កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។វត្ថុតាងដែលត្រូវបានចាប់យករួមមាន៖ បុរសសង្ស័យជាភ្នាក់ងារឆ្នោតវៀតណាមចំនួន៣នាក់ (ឃាត់ខ្លួន) ម៉ូតូចំនួន២គ្រឿង (ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ និងម៉ាកហុងដា ADV ពណ៌ខ្មៅ) សន្លឹកឆ្នោតកន្ទុយលេខ ទូរស័ព្ទ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។គួររំលឹកថា ក្រុមបុគ្គលិកឆ្នោតវៀតណាមទាំងនេះ ត្រូវបានគេសង្កេតឃើញថា មានចរិតអំនួត និងល្មើសច្បាប់ ដោយពឹងផ្អែកលើមេកើយរបស់ខ្លួន ព្រមទាំងបានដើរប្រមូលលុយយ៉ាងពេញបន្ទុកពីមេកញ្ច្រែង និងកូនកញ្ច្រែងក្នុងភូមិសាស្ត្រឃុំសន្លុង។ មិនតែប៉ុណ្ណោះ ក្រុមបុគ្គលិកទាំងនេះ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានហ៊ានបើកម៉ូតូដេញព័ទ្ធសហការីសារព័ត៌មាន «ដើមរាំង» ដើម្បីបំភិតបំភ័យបំបាក់ស្មារតី ដែលជាអំពើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាន។សកម្មភាពបង្ក្រាបនេះ គឺជាចំណាត់ការបន្តបន្ទាប់ បន្ទាប់ពីសមត្ថកិច្ចធ្លាប់បានចុះបង្ក្រាបទីតាំងស្នាក់ការឆ្នោតវៀតណាមមួយចំនួនរួចមកហើយ កាលពីចុងខែមករា ឆ្នាំ២០២៦ កន្លងទៅ។

ទោះជាយ៉ាងណា ក៏មានករណីគួរឲ្យកត់សម្គាល់ ដែលស្នាក់ការនៅស្រុកល្វាឯមត្រូវបានរត់គេចខ្លួនអស់មុនសមត្ថកិច្ចទៅដល់ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ដែលករណីនេះបានបង្កជាការសង្ស័យពីការលេចធ្លាយព័ត៌មាន។ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការញៀនល្បែងឆ្នោត បានស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំកំពូល រួមមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាចាត់វិធានការបង្ក្រាបល្បែងស៊ីសងនេះឲ្យបានដាច់ស្រេច និងជាពិសេស គឺការស្រាវជ្រាវវែកមុខមន្ត្រីសមត្ថកិច្ចណា ដែលអាចទទួលផលប្រយោជន៍ ឬបានលួចផ្ដល់ដំណឹងដល់ក្រុមល្បែងឆ្នោត បណ្ដាលឲ្យប្រតិបត្តិការមួយចំនួនត្រូវបរាជ័យដោយអាម៉ាស់។

Leave a Reply

Your email address will not be published. Required fields are marked *

You missed