**ភ្នំពេញ៖** ក្នុងស្មារតីចាត់ទុក «បញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នា ដែលគ្រប់ភាគីត្រូវចូលរួមដោះស្រាយទាំងអស់គ្នា» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងប្រកាសផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ កាលពីរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញអនុវត្ត «គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។ កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹង «សុខដុមនីយកម្មក្នុងសហគមន៍» និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាតិ-អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លទ្ធផលដែលសម្រេចបាននេះ គឺជាមោទនភាពជាតិក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

Leave a Reply

Your email address will not be published. Required fields are marked *

You missed