PMBNEWS | អន្តរជាតិ


(ខេត្តត្បូងឃ្មុំ)៖ កំពុងមានការរិះគន់ និងដាក់ការសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធនឹងសកម្មភាពប្រមូលទិញ និងស្តុកទុកជន្លង់ម្រេចក្នុងទ្រង់ទ្រាយធំ នៅចំណុចដេប៉ូមួយកន្លែងក្នុងស្រុកមេមត់ ដែលត្រូវបានគេសង្ស័យថាជាការរៀបចំដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាមដោយខុសច្បាប់ ក្រោមរូបភាពបន្លំភ្នែកសមត្ថកិច្ច។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា បុគ្គលឈ្មោះ លោក ថេត សង្ហា ហៅ (សីហា) ដែលត្រូវបានគេស្គាល់ថាជាម្ចាស់រោងសន្ធិ (ដេប៉ូ) ជន្លង់ម្រេច ស្ថិតនៅ ភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួមជាមួយបក្សពួកឈ្មោះ លោក លី (ត្រូវជាកូនបង្កើតរបស់លោកមេភូមិបង្កូវ) បាននិងកំពុងធ្វើសកម្មភាពប្រមូលទិញជន្លង់ម្រេចយ៉ាងសស្រាក់សស្រាំ។

អង្គហេតុដែលនាំឱ្យមានការសង្ស័យរួមមាន៖

  • ប្រភព និងការដឹកជញ្ជូន៖ ក្រុមដដែលនេះបានប្រើប្រាស់លិខិតអនុញ្ញាត (ប៉េសេ) ចេញដោយរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីដឹកជញ្ជូនជន្លង់ម្រេចតាមរថយន្តវេអងធំៗ យកមកទម្លាក់នៅដេប៉ូក្នុងភូមិជីប៉េះ។
  • ការបំប្លែងមធ្យោបាយ៖ ក្រោយពេលទម្លាក់នៅដេប៉ូ ជន្លង់ទាំងនោះត្រូវបានគេលើកដាក់លើ រថយន្តកែច្នៃ (បុកសឺរ) និងគោយន្តកែច្នៃ រួចយកទៅលាក់ទុកនៅទីតាំងសុវត្ថិភាព ដើម្បីរង់ចាំឱកាសយប់ស្ងាត់ ដឹកជញ្ជូនឆ្លងដែនទៅកាន់ប្រទេសវៀតណាម។
  • ការផ្ទុយពីលិខិតអនុញ្ញាត៖ ទោះបីជាលោក ថេត សង្ហា មានលិខិតអនុញ្ញាតបង្កើតរោងសន្ធិលក់ចែកចាយផល អនុផលព្រៃឈើ ចេញដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៦ (តាមការអះអាង) ក៏ដោយ ប៉ុន្តែជាក់ស្តែងគេពុំដែលឃើញមានការចែកចាយដល់កសិករក្នុងស្រុកដូចការអះអាងនោះឡើយ។
តាមសេចក្តីរាយការណ៍ ជាក់ស្តែងកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ មានរថយន្តវេអងចំនួន ០២ គ្រឿង បានដឹកជន្លង់ម្រេចចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ដេប៉ូខាងលើ ប៉ុន្តែចូលចតបានតែ ០១ គ្រឿងប៉ុណ្ណោះ ដោយមធ្យោបាយមួយគ្រឿងទៀតបានខូចពាក់កណ្តាលផ្លូវ។ ចំណែក លោក លី ត្រូវបានគេរាយការណ៍ថា ជាអ្នកចាត់ចែងបន្តក្នុងការប្រើប្រាស់រថយន្តកែច្នៃដើម្បីនាំជន្លង់ទាំងនោះឆ្លងដែនទៅកាន់ប្រទេសជិតខាងយ៉ាងរលូន។

ករណីនេះបានធ្វើឱ្យមជ្ឈដ្ឋានជុំវិញដាក់សំណួរទៅកាន់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចការពារព្រំដែន ពាក់ព័ន្ធថា តើមានការបណ្តែតបណ្តោយ ឬមានអាថ៌កំបាំងណាមួយនៅពីក្រោយសកម្មភាពដឹកជញ្ជូនជន្លង់ម្រេចទៅក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនេះដែរឬទេ? ព្រោះកន្លងមកពុំដែលឃើញមានវិធានការបង្ក្រាបចំពោះបុគ្គលទាំងនេះម្តងណាឡើយ។

ចេញផ្សាយដោយ៖ អង្គភាពនិពន្ធ PMBNEWS

យកព័ត៌មានដោយ លោក អ៊ាន វិសាល

Leave a Reply

Your email address will not be published. Required fields are marked *

You missed